ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា លើកទឹកចិត្តដល់ក្រុមការងារឱ្យប្រើប្រាស់បណ្តាញសង្គមឱ្យអស់លទ្ធភាព ហើយត្រូវរួមគ្នាទប់ស្កាត់ និងបំផ្លាញចោលនូវព័ត៌មានក្លែងក្លាយ ឱ្យបានទាន់ពេលវេលា!
ដើម្បីបន្តរួមចំណែកក្នុងការធានាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនរបស់សង្គមជាតិបានស្ថិតស្ថេរយូរអង្វែង ឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ ( គ.ស.ព.ស.) បានជំរុញនិងលើកទឹកចិត្តដល់មន្ត្រីទទួលបន្ទុកការងារព័ត៌គ្រប់កម្រិតពីថ្នាក់ខេត្ត ដល់ឃុំ សង្កាត់ ត្រូវចងក្រងបណ្តាញក្រុមការងារឱ្យបានរឹងមាំ និងប្រើប្រាស់បណ្តាញសង្គមឱ្យអស់លទ្ធភាព បង្កើនការតាមដាន ស្រាវជ្រាវ ការឆ្លើយតប ផលិតមាតិកា ស្របតាមគោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាល ដែលជាការអនុវត្តតាមអភិក្រមបុរេសកម្ម និងការងារប្រតិកម្ម ដោយត្រូវបង្កើនការផ្សព្វផ្សាយព័ត៌មានពិតឱ្យបានទូលំទូលាយ ដើម្បីគ្រប់គ្រងសាធារណមតិ ជាពិសេស ត្រូវរួមគ្នាទប់ស្កាត់ និងបំផ្លាញចោលនូវព័ត៌មានក្លែងក្លាយ ឱ្យបានទាន់ពេលវេលា។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា ថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពី « ការពង្រឹងការងារព័ត៌មាននិងសាធារណមតិនៅក្នុងយុគសម័យឌីជីថល » ក្នុងខេត្តតាកែវ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំរដ្ឋបាលខេត្ត ដោយមានការចូលរួមពី ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ (គ.ស.ព.ស. )ឯកឧត្តម វ៉ី សំណាង អភិបាលនិងជាគណៈអភិបាល ខេត្តកាកែវ ថ្នាក់ដឹកនាំ (គសពស ) និងសិក្ខាកាមដែលជាមន្ត្រីទទួលបន្ទុកការងារព័ត៌មាននិងសាធារណមតិចំណុះរដ្ឋបាលខេត្តតាកែវ និងក្រុមយុវជនអ្នកប្រើប្រាស់បណ្តាញសង្គម សរុបចំនួនប្រមាណជាង៣០០នាក់។
ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណអភិបាលខេត្តតាកែវ បានធ្វើរបាយការណ៍ស្តីពីស្ថានភាពទូទៅនិងសក្តានុពលជាច្រើនក្នុងខេត្ត ជាពិសេសការអភិវឌ្ឍរីកចម្រើន នៃហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ សេដ្ឋកិច្ច សង្គម ក៏ដូចជាការចូលរួមយ៉ាងសកម្មរបស់ក្រុមការងារទទួលបន្ទុកព័ត៌មានក្នុងខេត្តដើម្បីឆ្លើយតបបានលឿនរហ័ស ទប់ស្កាត់ និងបន្សាបបានទាន់ពេលវេលានូវព័ត៌មានក្លែងក្លាយ ព័ត៌មានបំពុលសង្គម ក៏ដូចជាការចូលរួមធ្វើការយ៉ាងសកម្មក្នុងការការពារនូវសមិទ្ធផលសម្រេចបានរបស់រាជរដ្ឋាភិបាលនិងក្នុងខេត្តឱ្យបានគង់វង្ស ។
មានប្រសាសន៍ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា បានបញ្ជាក់ថា បច្ចុប្បន្ន មានការវិវឌ្ឍយ៉ាងលឿនរហ័សនៃបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត AI និងក៏បានកើតឡើងយ៉ាងគំហ៊ុកនូវព័ត៌មានក្លែងក្លាយ ព័ត៌មានញុះញង់ បំពុលសង្គមយ៉ាងព្រោងព្រាត ។ ឆ្លើយតបទៅនឹងការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលផ្តោតសារៈសំខាន់ នៃការងារព័ត៌មាននិងសាធារណមតិ ថាបានជះឥទ្ធិពលដល់សង្គម នយោបាយ និងសេដ្ឋកិច្ច ។ ដូចនេះ ការៀបចំវគ្គបណ្តុះបណ្តាល និងតាមរយៈវាគ្មិនដែលនឹងធ្វើបទបង្ហាញពាក់ព័ន្ធនឹងការងារព័ត៌មាននៅថ្ងៃនេះ សិក្ខាកាមនឹងទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ រួមនឹងការអនុវត្តជាក់ស្តែង ដើម្បីពង្រឹងការងារព័ត៌មាននិងសាធារណមតិនៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសពាក់ព័ន្ធនឹងការស្រាវជ្រាវ ការវាយតម្លៃ និងឆ្លើយតបចំពោះព័ត៌មានអវិជ្ជមាន ព័ត៌មានមិនពិត និងការកើនឡើងនៃព័ត៌មានក្លែងក្លាយដែលត្រូវបានបង្កើតឡើងដោយបច្ចេកវិទ្យា AI។
បន្ថែមលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់ក្រុមការងារទទួលបន្ទុកព័ត៌មាន និងសាធារណមតិគ្រប់ថ្នាក់ត្រូវខិតខំពង្រឹងការចងក្រងបណ្តាញធ្វើការងាររួមគ្នានិងត្រូវប្រគល់ភារកិច្ចឱ្យច្បាស់លាស់ ជាពិសេសត្រូវមានកិច្ចសហការឱ្យបានស្អិតរមួតជាមួយក្រុមការងារចុះមូលដ្ឋាន គ្រប់កំរិត ក្នុងន័យ « ផ្សាភ្ជាប់អ្នកនៅមូលដ្ឋាន និងអ្នកចុះមូលដ្ឋាន ) សំដៅធានាបាននូវកម្លាំងសរុប មធ្យោបាយសរុប និងប្រើប្រាស់បណ្តាញសង្គមឱ្យអស់លទ្ធភាព។
នាឱកាសនេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា ក៏បានថ្លែងអំណរគុណចំពោះឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តតាកែវដែលបានឧបត្តម្ភគាំទ្រសម្រាប់ការបើកវគ្គបណ្តុះបណ្តាលនេះ និងអរគុណដល់ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណ:អភិបាលខេត្តដែលបានសហការរៀបចំដំណើរការវគ្គបណ្តុះបណ្តាលពេញមួយថ្ងៃសម្រេចបានលទ្ធផលគាប់ប្រសើរ ប្រកបដោយភាពជិតស្និទ្ធ និងភាតរៈ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា សង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា អ្វីដែលអ្នកទាំងអស់គ្នានឹងទទួលបានពីការចូលរួមវគ្គក្នុងបណ្តុះបណ្តាលនៅថ្ងៃនេះ គឺការជួយពង្រឹងបាននូវសមត្ថភាព ចំណេះ ជំនាញសម្រាប់មន្ត្រីទទួលបន្ទុកការងារព៏ត៌មាននិងសាធារណមតិ ក្នុងការរៀបចំចងក្រងបណ្តាញ រចនាសម្ព័ន្ធក្រុមការងារជាប្រព័ន្ធតួអង្គតែមួយ ក៏ដូចជាលើកកម្ពស់ស្មារតី និងឆន្ទៈ មនសិកាខ្ពស់សម្រាប់ការបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវថែមទៀតនៅក្នុងការបន្តការងារគ្រប់គ្រងព័ត៌មាន និងសតិអារម្មណ៍របស់មហាជនដែលជាម្ចាស់ឆ្នោត ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា បានសង្កត់ធ្ងន់ថា «ការប្រើប្រាស់កម្លាំងសរុបនៃមន្ត្រីទទួលបន្ទុកការងារព័ត៌មាន ក្នុងការចូលរួមផ្សព្វផ្សាយនូវព័ត៌មានពិត បានលឿនរហ័ស និងការប្រើប្រាស់បច្ចេកវិទ្យាបានត្រឹមត្រូវ មានតម្លៃស្មើនឹងការបន្តថែរក្សាស្ថិរភាពនយោបាយ និងសង្គម និងសន្តិភាពដែលរកមកបានយ៉ាងលំបាក ចាប់ពីចុងឆ្នាំ១៩៩៨ ដោយស្ថាបនិកសន្តិភាពជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតរបស់យើងទាំងអស់គ្នា នោះគឺសម្តេចតេជោ ហ៊ុន សែន »៕